ខេត្តស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តបីផ្សេងទៀត ដែលមានភូមិសាស្ត្រស្ថិតនៅប៉ែកខាងជើង តំបន់ភូមិភាគឦសាន នៃផ្ទៃប្រទេសកម្ពុជា។ ខេត្តស្ទឹងត្រែងមានទីតាំងនៅខ្ពង់រាបតាមបណ្តោយដងទន្លេមេគង្គដែលប្រសព្វជាមួយទន្លេសេកុង។ ខេត្តនេះមានបណ្តោយ ៤៥០គ.ម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ (ភ្នំពេញ-ស្ទឹងត្រែង ៤៥០ គ.ម)។ មានព្រលានយន្តហោះដែលជាសក្តានុពលដល់ការរៀបចំផ្លូវអាកាស ។ ខេត្តស្ទឹងត្រែង មានព្រំប្រទល់ ៖ ខាងលិចជាប់ខេត្តព្រះវិហារ នឹងខេត្តកំពង់ធំ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះ និងខាងមណ្ឌលគីរី និងខាងជើងជាប់ប្រទេសឡាវ។ ខេត្តនេះមានក្រុង ១ ស្រុកចំនួន ៦ សង្កាត់ចំនួន ៤ ឃុំចំនួន ៣០ និងភូមិចំនួន ១២៨ភូមិ ។
ផ្ទៃដីសរុប ១២០១៦ គ.ម ក្នុងនោះផ្ទៃដីដាំដុះមានចំនួន ៤៨ ១២៦ ហិកតា (ស្រូវសន្ទួង ពង្រោះ ចម្ការ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម) ហើយមានប្រជាជនសរុប ១៦៤ ៥៩៨ នាក់ ក្នុងនោះស្រ្តី ៨២ ៣១៨នាក់ ស្មើនឹង ៣៩ ៣៨៧ គ្រួសារ ដែលប្រជាជនចំនួន ៨០% នៃប្រជាជនសរុប ប្រកបមុខរបរកសិកម្មជាចំបង(មុខរបរផលិតកម្មដាំដុះ ចិញ្ចឹមសត្វ និងសិប្បកម្មកសិកម្ម) ។
មាន២ស្រុកដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ មានស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ។ ខេត្តស្ទឹងត្រែងមានទន្លេចំនួន៤ហូរកាត់ ទន្លេមេគង្គ សេកុង សេសាន ស្រែពក ដែលជាប្រភពធនធានធម្មជាតិសម្បូរបែប ប្រភពទឹកប្រើប្រាស់ និងធ្វើវិស័យកសិកម្មជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ហើយក៏ជាជម្រកសម្រាប់ពងត្រីរបស់ត្រីមេពូជ ជាតំបន់ផ្តល់ជីវិតនៃប្រព័ន្ធជីវចម្រុះទាំងឡាយ និងជាអាងស្តុកធនធានមច្ឆាជាតិដ៏សំខាន់សម្រាប់រួមចំណែកឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង។ ជាមធ្យមប្រមូលផលនេសាទបានប្រមាណជា ៥ ០០០តោនក្នុងមួយឆ្នាំ។
សណ្ឋានដីខេត្តស្ទឹងត្រែងជាតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ស្ទឹង ទន្លេ បឹងបួរ អូរ និងដីកោះជាច្រើនកន្លែងជាបណ្តុំនៃប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងជាតំបន់ការពារធម្មជាតិជាច្រើនដូចជា ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង តំបន់រាមសារ ដែលជាប្រភពជម្រកសត្វ (ព្រៃឡង់) និងជាជម្រកសត្វព្រៃសៀមប៉ាង។
ស្ទឹងត្រែងមានទំនប់វារីអគ្គិសនីមួយកន្លែង គឺទំនប់វារីអគ្គិសនីសេសានក្រោមII ដែលមានអនុភាព៤០០មេកាវ៉ាត់។ ខេត្តនេះមានស្ពានឆ្លងកាត់ទន្លេ០៤កន្លែង និងមានផ្លូវជាតិសម្រាប់ការធ្វើដំណើរតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា និងទៅកាន់បណ្តាប្រទេសជិតខាង។
ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺជាគន្លឹះអាទិភាពចំបងមួយដែលជម្រុញសេដ្ឋកិច្ចជាតិ ឆ្ពោះទៅរកភាពរីកចម្រើននិងស្ថានភាពគ្រប់គ្រាន់លើផលិតកម្មកសិកម្ម ឈានទៅលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ។ដំណើរការនៃការអភិវឌ្ឍន៍វិស័យកសិកម្ម គឺមិនត្រឹមតែលើកស្ទួយការអភិវឌ្ឍន៍ក្នុងវិស័យដើម្បីជម្រុញការបង្កើនស្បៀងអាហារ និងជីវភាពប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរទៅលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិដែលអាចផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនដល់សង្គមប្រកបដោយនិរន្តភាព និងកំណើនសេដ្ឋកិច្ចជាតិ ។
បច្ចុប្បន្នផលិតកម្មកសិកម្មប្រទេសកម្ពុជាយើង ក៏ដូចជានៅក្នុងខេត្ត នៅមានកម្រិតនៅឡើយដែលជាហេតុធ្វើឲ្យការផលិតទទួលបានទិន្នផលទាប និងបរិមាណផលិតផលមិនទាន់ឆ្លើយតបតាមតម្រូវការទីផ្សារ ។ ម្យ៉ាងវិញទៀតអាស្រ័យដោយកំណើនប្រជាជនរបស់យើងមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់ មិនឆ្លើយតបទៅតាមតម្រូបការ ។
តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន
១. មន្ទីរកសិកម្មខេត្តមានមុខងារនិងភារកិច្ចដូចតទៅ ៖
២. មន្ទីរកសិកម្មរាជធានី ខេត្ត ដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់:
ក. ប្រធានមន្ទីរ:
ខ.អនុប្រធានមន្ទីរ :
៣. មន្ទីរកសិកម្មខេត្ត មានរចនាសម្ព័ន្ធដូចតទៅ៖
១.ការិយាល័យរដ្ឋបាល បុគ្គលិក
២.ការិល័យផែនការ គណនេយ្យ
៣.ការិយាល័យនីតិកម្មកកសិកម្ម
៤.ការិយាល័យផលិតកម្ម និងបសុព្យាបាល
៥.ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
៦.ការិយាល័យផ្សព្វផ្សាយកសិកម្ម
៧.ការិយាល័យគ្រឿងយន្តកសិកម្ម
៨.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៩.ការិយាល័យកសិឧស្សាហកម្ម
១០.ការិយាល័យកៅស៊ូ ។
ក្នុងករណីចាំបាច់ មន្ទីរកសិកម្មរាជធានី ខេត្ត អាចបង្កើតនិងកំណត់តួនាទីមណ្ឌលកសិកម្មឃុំ សង្កាត់ ការបង្កើតមណ្ឌលកសិកម្មឃុំ សង្កាត់ ត្រូវកំណត់សេចក្តីសម្រេចរបស់ប្រធានមន្ទីរកសិកម្មរាជធានីខេត្ត ។