ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ រ៉ាហ្វល ទ្បឺរ៉ូយ៉ាល់ភ្នំពេញ មានរៀបចំវេទិកាវិស័យសាធារណ: និងឯកជនថ្នាក់ជាតិ ស្តីពីអនុវិស័យសាវប្បកម្ម និងដំណាំស្វាយចន្ទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោកស្រី Carin Salerno នាយកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៏និងកិច្ចសហប្រតិបត្តិការ និង ឯកឧត្តម William A.Heidt ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ។ វេទិការនេះសហការរៀបចំដោយគម្រោងហាវែសII និងគម្រោងបន្លែ ផ្លែឈើកម្ពុជាCHAIN ដែលចូលរួម ដោយលោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងពីស្ថាប័នសាធារណៈ វិស័យឯកជន អង្គភាពស្រាវជ្រាវ ផ្សព្វផ្សាយ អប់រំកសិកម្ម និងដៃគូអភិវឌ្ឍន៍ វិស័យឯកជននិងសហគមន៍ ប្រមាណជា១៣០នាក់ ដើម្បីចែកពីរំលែកបទពិសោធន៍មេរៀនល្អៗ សក្តានុពលនៃអនុវិស័យសាកវប្បកម្ម និងដំណាំស្វាយចន្ទី និងបញ្ហាប្រឈមពាក់ព័ន្ធដើម្បីកំណត់នូវអាទិភាពនៃបញ្ហានេះ និងរិះរកវិធានការដោះស្រាយប្រកបដោយតម្លាភាព ស័ក្តសិទ្ធភាព និងទាន់ពេលវេលាស្របតាមចក្ខុវិស័យនៃគោលនយោបាយ លើការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម និងស្វាយចន្ទីនៅកម្ពុជាក្នុងក្របខ័ណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងវេទិកាវិស័យសាធារណៈ និងឯកជនថ្នាក់ជាតិស្តីពី “ការអភិវឌ្ឍដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី” នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តក្នុងការបង្កើនផលិតភាព ពិពិធកម្ម កសិ-ពាណិជ្ជកម្ម និងធាតុចូលសម្រាប់ជាយុទ្ធសាស្រ្តអភិវឌ្ឍសាកវប្បកម្ម និងដំណាំស្វាយចន្ទីនាពេលអនាគត។ ជាមួយកម្មវិធីនយោបាយយ៉ាងត្រឹមត្រូវ និងតាមរយៈកម្មវិធីកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេវាសាធារណៈ និងថាមពល គឺជាបរិយាកាសដ៏អនុគ្រោះសម្រាប់ការវិនិយោគ និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត “ភាពជាដៃគូដ៏ឈ្លាសវៃ” រវាងរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជនទាំងនៅក្នុងការអភិវឌ្ឍទូទៅជារួម និងទាំងនៅក្នុងកិច្ចការកែលម្អបរិយាកាសសម្រាប់ការវិនិយោគ និងធុរៈកិច្ចនៅកម្ពុជា និយាយដោយឡែក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មនៅមានកម្រិត ដូចជាផលិតភាព ការស្រាវជ្រាវពូជដំណាំ ការផ្តល់សេវាបច្ចេកទេស និងការអភិវឌ្ឍខែ្សចង្វាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវទីផ្សារ។ ដោយឡែកការប្រើប្រាស់ដីកសិកម្មមិនទាន់អស់សក្តានុពល យន្តការនៃការផ្តល់ព័ត៌មានទីផ្សារកសិកម្មដោយផ្សារភ្ជាប់នឹងផែនការដាំដុះនិងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់មានភាពរឹងមាំ ការវិនិយោគលើការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារមានភាពខ្វះខាត។
ឈរលើមូលបញ្ហាខាងលើនេះ ក្រសួងបាននឹងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងប្រទេសផ្ដល់ជំនួយដើម្បីជួយគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួមជំរុញលើកកម្ពស់បង្កើនផលិតភាពដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី ទាំងគុណភាព សុវត្ថិភាពឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូលយកអស់ប្រាជ្ញាស្មារតីចំណេះដឹងនិងបទពិសោធន៍ល្អៗ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗដែលបានលើកឡើងក្នុងវេទិកាសន្ទនាថ្ងៃនេះ និងជាពិសេសចំណុចសំខាន់ៗដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យបានទូលំទូលាយស៊ីជម្រៅនោះគឺ៖
ទី១-ការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបន្ថែមលើមន្ទីរពិសោធន៍គុណភាពសម្រាប់ការនាំចេញ ព្រមទាំងជំរុញការផលិត និងប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។
ទី២-បន្តជំរុញការរៀបចំ និងអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» និង «ច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា»។
ទី៣-លើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញការវិនិយោគលើកសិផលដែលមានសក្តានុពលដូចជាស្រូវ ដំទ្បូងមី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈការរៀបចំយុទ្ធសាស្រ្តតាមមុខដំណាំនីមួយៗ។
ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឱ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មដែលមានថវិកាសរុបប្រមាណជាង ២៣ លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។