(ស្ទឹងត្រែង)៖ ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានរៀបចំបើកកិច្ចប្រជុំ ដោយមានការចូលរួម ពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការងារបង្កបង្កើនផល និងស្ថានភាពផលប៉ះពាល់ ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ទន្លេមេគង្គ លើដំណាំផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ ដើម្បីរួមគ្នាពិនិត្យពិចារណាលើលទ្ធភាព នៃការបែងចែកពូជស្រូវ និងពូជដំណាំជូនប្រជាកសិករដែលរងគ្រោះសម្រាប់ស្តារផ្ទៃដីដាំដុះឡើងវិញ។
បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត ធ្វើការរាយការណ៍អំពីសកម្មភាព និងស្ថានភាពបង្កបង្កើនផល ក៏ដូចជាផលប៉ះពាល់នៃគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងរួមមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធិផលនានាដែលខេត្តស្ទឹងត្រែង សម្រេចបានកន្លងមក។ ចំពោះផលប៉ះពាល់ ខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់លើផលិតផលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំជ្រាបថា ក្រសួងបានត្រៀមដឹកជញ្ជូនស្រូវពូជចំនួន ៨០តោនដែលមាន ក្នុងសន្និធិកដើម្បីជួយស្តារស្ថានភាពជូនប្រជាកសិករជាង១ពាន់គ្រួសារ លើផ្ទៃដីប្រមាណជា១.៤ពាន់ហិចតា សម្រាប់ស្តារផ្ទៃដីដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមក។