សៀមរាប៖ ថ្ងៃចន្ទ-អង្គារ ទី៧-៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងមន្រ្តីជំនាញ០១រូប ចូលវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីជម្រាល និងការគ្រប់គ្រងធនធានទឹកចម្រុះ ដែលមានអ្នកចូលរួមមកពីខេត្តចំនួន០៤ និងគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន០៤ខេត្ត ក្នុងនោះមានខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកិច្ចការនារីខេត្ត និងគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយនៃខេត្តទាំង៤ ព្រមទាំងអង្គការដៃគូ សរុបប្រមាណ ៦០នាក់ ក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមអំពីការគ្រប់គ្រងធនធានចម្រុះ និងការគ្រងគ្រងធនធានធម្មជាតិដើម្បីទប់ស្កាត់ឱ្យបានប្រសើរជាងមុននូវការកើនឡើងហានិភ័យ ដែលជាទូទៅបង្កឡើងដោយកាតប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការ actionaid និងគាំទ្រថវិកាដោយសហគមអ៊ឺរ៉ុប និងជំនួយរបស់រដ្ឋាភិបាលប្រទេសស្វីស។
នៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរ ក៏បានបង្ហាញពីប្រភពនៃការវិវត្តន៍ និងការប្រែប្រូលទីជម្រាលដែលកើតមានទូទាំងពិភពលោក ក៏ដូចជាការប្រែប្រួលនៃប្រភពទឹកក្រោមដី ព្រមជាមួយនឹងការគ្រប់គ្រងធនធានទឹកចម្រុះប្រកបដោយនិរន្តរភាព និងចិរភាព បូករួមទាំងការគ្រប់គ្រងនៃគ្រោះហន្តរាយ ការត្រៀមបង្ការពេលគ្រោះមហន្តរាយកើតមានឡើង ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ និងសង្គ្រោះទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹងបន្ថែមដល់មន្រ្តីនៅតាមមន្ទីរវិស័យដែលពាក់ព័ន្ធចូលរួមក្នុងការគ្រប់គ្រង និងបង្ការទប់ស្កាត់នូវការប្រែប្រួលនៃអាកាសធាតុ ក៏ដូចជាហានិភ័យនានាដែលកើតឡើងដោយធម្មជាតិ និងចូលរួមគ្រប់គ្រង និងប្រើប្រាស់នូវធនធានទឹកក្រោមដីប្រកបដោយចីរភាព។