នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធាន អនុប្រធាន នាយខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចូលរួមពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សមាសភាពបានអញ្ជើញចូលរួមមានអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងអភិបាលខេត្តជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង មានក្រចេះ រតនគិរី ព្រះវិហារ និងមណ្ឌលគិរី។
សមាជិកសមាជិកាអង្គសន្និបាតដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការរងយោធភូមិភាគ១ មេបញ្ជាការ មេបញ្ជាការរង ស្នងការរង កម្លាំងប្រដាប់អាវុធ ប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការសាលាខេត្ត នាយក នាយករងរដ្ឋបាលសាលាក្រុង ស្រុក អធិការ មេបញ្ជាការកម្លាំងមានសមត្ថកិច្ច មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ NGOs សមាគម ផ្នែកឯកជនក្នុងខេត្ត សរុបចំនួន ៣៩៦នាក់ ស្រី ១០៤នាក់។
បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបនៃដំណើរការអង្គសន្និបាតដោយឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ថ្លែងនូវសុន្ទរកថាបិទអង្គសន្និបាត
ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១-សភាពការណ៍នយោបាយនៅកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
២-ការពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
៣-ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនោះសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីរាជការត្រូវមានភាពម្ចាស់ការ ដោយមិនត្រូវបាត់ការប្រុងប្រយ័ត្ន ស្ពឹកស្រពន់ ឬឆ្អែតឆ្អន់នឿយណាយនឹងការងារ ដោយត្រូវបន្តលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន ពិសេសបញ្ហាគ្រឿងញៀន យកចិត្តទុកត្រួតពិនិត្យលើទីតាំងសប្បាយភាព បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពង្រឹងការគ្រប់គ្រងជនបរទេស និងហត្ថពលកម្មបរទេសដើម្បីក្ដាប់ជាប់នូវស្ថិតិជនបរទេសដែលស្នាក់នៅ និងបម្រើការងារក្នុងខេត្ត លុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យឲ្យបានជោគជ័យតាមគោលការណ៍ណែនាំ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិក្នុងទូទាំងខេត្ត ដោយបានស្នើដល់មន្ត្រីគ្រប់ត្រូវដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើសធនធានធម្មជាតិ។ ប្ដេជ្ញាការពារសន្តិសុខ សន្ដិភាព និងលើកកម្ពស់ការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការល្អនៅតាមតំបន់ព្រំដែន។ ពង្រឹងរបៀបរបបធ្វើការងារទាំងនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រៀមបង្ការអន្តរាគមន៍គ្រោះរាំងស្ងួត និងពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។