ស្ទឹងត្រែង៖ ថ្ងៃអង្គារ-ពុធ ១៤-១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ឌិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយគម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានរៀបចំពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ជា ថាវរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅចំណតរថយន្តក្បែររង្វង់មូលមាត់ទន្លេ មានអ្នកចូលរួមប្រមាណជា១០០០ទៅ១៥០០នាក់។
គោលបំណងនៃកម្មវិធី៖
-បង្ហាញភាពរីកចំរើនលើវិស័យកសិកម្មរបស់ខេត្តស្ទឹងត្រែង។
-បង្កើនការភ្ចាប់ទំនាក់ទំនងតួរអង្គទីផ្សាររវាងក្រុមហ៊ុនឯកជន អ្នកលក់សំភារៈកសិកម្ម កសិករ ឈ្មួញកណ្តាល ស្ថាប័នសាធារណៈ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធក្នុងខេត្ត។
-បង្កើនចំណេះដឹង បទពិសោធន៍ និងព័ត៌មានលើវិស័យកសិកម្មតាមរយៈការជួបផ្ទាល់ ។
-ដាក់តាំងបង្ហាញ លក់ ផ្សព្វផ្សាយ និងណែនាំធាតុចូល ផលិតផលកសិកម្ម និងសេវាកម្មក្នុងខេត្ត។
-ផ្តល់ឳកាសក្នុងការជួបជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរវិស័យ ស្ថាប័នពាក់ព័ន្ធ និងកសិករផលិត។