មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)
ចេញ​ផ្សាយ ០៧ តុលា ២០២០
460

ថ្ងៃពុធ ០៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពលោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង, លោក ណុប សុភឿន ប្រធានការិយាល័យសម្របសម្រួល តាមដាន និងវាយតម្លៃគម្រោង និងជាប្រធានផ្នែកតាមដាន និងវាយតម្លៃគម្រោង និងលោក ឌី សេរីវីរៈ មន្ត្រីកសិពាណិជកម្មខ្នាតតូច និងមធ្យម នៃអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាពចូលរួមពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារSBK តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរធនធានទឹក និងឧត្តុនិយម លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីមេឃុំ គ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងបងប្អូនប្រជាកសិករ សរុបប្រមាណ៦០នាក់។ សិក្ខាសាលានេះ មានគោលបំណង (១). ផ្សព្វផ្សាយព័ត៌មានគម្រោងទៅដល់សហគមន៍កសិកម្ម ក្រុមផលិត ដែលមានសមត្ថភាព និងកសិធុរកិច្ចខ្នាតតូចនិងមធ្យម អ្នកប្រមូលទិញកសិផល កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ (២). ជូនដំណឹងដល់អ្នកចូលរួមទាំងអស់ស្តីពីការទទួលបានហិរញ្ញប្បទានពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា តាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងការទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងធារាសាស្ត្រកសិកម្ម និង(៣). ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់សមភាពយេនឌ័រ។

ចំនួនអ្នកចូលទស្សនា
Flag Counter