នៅព្រឹកថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមអមដំណើរឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលចំនួន ១៨០គ្រួសារ ដែលបានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងមក មានចំនួន០៤ភូមិ ក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស។ កម្មវិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញយ៉ាងជ្រាលជ្រៅ និងគិតគូជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។