ស្ទឹងត្រែង៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកប្រធានមន្ទីរស្តីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌស្តីទី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងមន្ត្រី ០១រូប បានចូលរួមអមដំណើរឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត អញ្ចើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថាស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងលេចចេញរូបរាងឡើងយ៉ាងយូនៅចុងឆ្នាំ២០២១នេះ ហើយយើងសង្ឃឹមថាស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជនឹងអាចរួមចំណែកបង្កើនបានពូជកូនត្រីជាច្រើនប្រភេទ ពិសេសអភិរក្សត្រីមេពូជដែលកម្រៗ និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅខេត្តស្ទឹងត្រែងឡើងវិញផងដែរ។ យោងតាមការបញ្ចាក់របស់លោកប្រធានស្តីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថាការសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជនេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ (ដំណាក់កាលទី៣) សមាសភាពទី១ របស់គម្រោង World Bank។ ហើយនេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខេត្តស្ទឹងត្រែងរង់ចាំនូវការបង្កើតឱ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម