ពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១០ សីហា ២០២២
201

ស្ទឹងត្រែង៖ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលមានខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងជាសេនាធិការផ្ទាល់ បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ដែលមានការគាំទ្រដោយធនាគារពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ឯកឧត្តមបានលើកឡើងថាការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសានមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌល គិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់ឆ្នាំ២០២២-២០៣០ផងដែរ។ មជ្ឈមណ្ឌលស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្ទៃដីសរុប ១០,៤ ហ.ត ចំណាយថវិកាសរុបចំនួន ១ ៧៥០ ២៥២ ដុល្លារអាមេរិច។ 

មជ្ឈមណ្ឌលមានស្រះសរុបចំនួន ២៤ ក្នុងនោះស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន អគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។ មជ្ឈមណ្ឌលមានការិយាល័យចំនួន៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter