អបអរសារទរពិធី រុក្ខទិវា ០៩ កក្កដា ២០២៤
ចេញ​ផ្សាយ ០៩ កក្កដា ២០២៤
18

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រង បានដឹកនាំសហការី ចូលរួមអបអរសាទរពិធីបុណ្យ រុក្ខទិវា ០៩ កក្កដា ២០២៤ នៅក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធី "រុក្ខទិវា" ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ក្នុងគោលបំណង ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះ ភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធី រុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ហើយក្នុងឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ 

ព្រះរាជពិធីរុក្ខទិវាត្រូវបានទទួលស្គាល់ជាផ្លូវការ និងបានចែងក្នុងច្បាប់ ស្ដីពីព្រៃឈើឆ្នាំ២០០២  ជំពូកទី១២ មាត្រា៦០ ដើម្បីជំរុញអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើជាប្រពៃណីជាតិ ត្រូវបានហៅថា “រុក្ខទិវា”  ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។ បន្ថែមពីនេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំ។ 

សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ  ដែលមានទំហំ ៣ហិកតា។  ដោយឡែក ក្នុងឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់៕

ចំនួនអ្នកចូលទស្សនា
Flag Counter