ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី​ផលិត​ និង​ផ្គត់ផ្គង់​ដំឡូង​មី​ស្រស់​ រវាងសហគមន៍កសិកម្ម និងដេប៉ូប្រមូលទិញដំឡូងមីស្រស់
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០២៤
17

ស្ទឹងត្រែង៖ ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី​ផលិត​ និង​ផ្គត់ផ្គង់​ដំឡូង​មី​ស្រស់​ រវាងសហគមន៍កសិកម្ម និងដេប៉ូ លាង ម៉េងហ៊ាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្ត។

មានការអញ្ជើញចូលរួមពីសំណាក់ លោក ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គការដៃគូ សហគមន៍កសិកម្ម និងដេប៉ូប្រមូលទិញដំឡូងមីស្រស់ ដោយមានអ្នកចូលរួមប្រមាណជា ១០០នាក់។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌ ធានាឱ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសសើរសហគមន៍ដែលមានការរៀបចំនូវផែនការសហគមន៍អោយបានល្អ និងលើកទឹកចិត្តសហគមន៍ត្រូវមានភាពស្មោះត្រង់ទៅវិញទៅមក និងដោះស្រាយបញ្ហាដោយសន្តិវិធី។

 

ចំនួនអ្នកចូលទស្សនា
Flag Counter